News Update: យប់នេះសមត្ថកិច្ចនាំខ្លួនសិស្សបង្កទាំង៤នាក់ ដែលទាត់ធាក់សិស្សនារីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
admin January 16, 2020 at 3:30 pm
facebook

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលខណ្ឌចំការមន បាននាំខ្លួនសិស្សបង្កទាំង៤នាក់ ដែលវាយទាត់ធាក់សិស្សនារីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ជាមួយគ្នានេះ យុវសិស្សរងគ្រោះ ក៏ត្រូវបាននាំយកមកសួរនាំបន្ថែមដើម្បីរកយុត្តិធម៌ជូនផងដែរ។ នេះយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនសិស្សស្រីៗទាំង៤នាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេវាយទាត់ធាក់ និងជេរប្រមាថដល់សិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ និងក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដឹកដៃកូនមកស្នើសុំនគរបាលជួយអន្តរាគមន៍ និងឃាត់ក្មេងស្រីបង្កហេតុ ដើម្បីយកមកសាកសួរនាំពីហេតុការណ៍កើតឡើង នៅវិទ្យាល័យផ្សារដើមថ្កូវនេះ។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចប្រាប់មកបណ្តាញព័ត៌មាន Fresh News ។បើតាមសមត្ថកិច្ច ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែកក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន ៣ទៀត មកវាយលើជនរងគ្រោះថែមទៀត។យោងតាមក្រុមគ្រួសារអ្នករងគ្រោះ បានប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងថា ករណីហិង្សានេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ។ បន្ទាប់វាយដំលើរាងកាយ ដោយប្រើជើងធាក់ខ្លួន និងចំក្បាលរួចមក ក្រុមជនបង្កបានគំរាមដល់ជនរងគ្រោះថែមទៀត។ ចំណែកជនរងគ្រោះមិនបានទៅរៀនទេ ព្រោះខ្លួនប្រាណជ្រាំពេញខ្លួមប្រាណទាំងអស់។

បើតាមម្តាយយុវតីរងគ្រោះ បានអះអាងថា គាត់មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេ ទើបតែរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឃើញមានរូបភាពបង្ហោះតែសង្គមហ្វេសប៊ុក ហើយបានដឹងថាកូនគាត់មានកូនសិស្សស្រីដូចគ្នា ចោមរោមវ៉ៃយ៉ាងចាស់ដៃ។ ម្តាយរូបនេះ បានបន្តថា ក្រោយមកក៏នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានអន្តរាគមន៍ និងស្វែងរកតាមសកម្មភាពហិង្សាតាមវីដេឃ្លីប និងនាំក្មេងស្រីសិស្សសាលាចំនួន៤នាក់។ ម្តាយយុវតីរងគ្រោះ មិនចង់ឲ្យនគរបាលដាក់ទោសទណ្ឌ លើក្មេងបង្កហិង្សាមកលើកូនគាត់ទេ គ្រាន់តែចង់ឲ្យអប់រំ និងឪពុកម្ដាយមកធានា កុំឲ្យប្រើហិង្សាមកលើក្មេងស្រីដទៃទៀត។ សូមបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយ និងចែកចាយជាបន្តបន្ទាប់នូវវីដេអូខ្លីបមួយ ដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុនោះ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន ហើយបានស្វះស្វែងរកជនរងគ្រោះ និងជនដៃដល់ ដើម្បីធ្វើការដោះស្រាយ និងចាត់វិធានការតាមច្បាប់។ សកម្មភាពទំនើងរបស់ក្មេងស្រីៗបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ស្នើដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ក្រុមជនបង្កយកទៅផ្តន្ទាទោសតាមច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Freshnews