មោទកភាពខ្មែរ! សារព័ត៌មាន BBC បានចុះផ្សាយថា៖ « ម្រេចកំពតគឺជាផលិតផលដ៏មានតម្លៃបំផុតរបស់ពិភពលោក »
admin January 16, 2020 at 9:10 am
facebook

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ម្រេចមានដើមកំណើតនៅរដ្ឋ Kerala ប្រទេសឥណ្ឌា តាំងពីប្រាំបីសតវត្សរ៍មុនម្ល៉េះដាំដោយអ្នកស្រុករហូតរីករាលដល់តំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែម្រេចកំពតត្រូវបានគេដាក់នាមឲ្យថាជាផលិតផលដ៏មានតម្លៃបំផុតរបស់ពិភពលោក បន្ទាប់ពីបារាំងបានទទួលស្គាល់ពីរសជាតិរបស់ដំណាំមួយនេះនិងដាំដុះវា។ ដោយកាលពីចុងទសវត្សឆ្នាំ ១៨០០ បារាំងបានបង្កើតចំការម្រេចដោយដាំនៅលើបង្គោលផលឬស្សីកម្ពស់ ១០ ហ្វីត (ប្រមាណ ៣ ម់ែត្រ) ពីដី បន្ទាប់មកនាំយកម្រេចមួយចំនួនទៅកាន់ស្រុកកំណើតរបស់ខ្លួន ជាកន្លែងដែលម្រេចត្រូវបានដាក់បង្ហាញនៅលើកម្មវិធីទូរទស្សន៍របស់លោក Anthony Bourdain ដែលជាកម្មវិធីដ៏មានប្រជាប្រិយភាពបំផុតរបស់ជនជាតិបារាំង។

ទោះជាយ៉ាងណាក្ដីនៅទសវត្សឆ្នាំ ១៩៧០ របបខ្មែរក្រហមបានចាត់ទុកម្រេចជានិមិត្តរូបនៃអាណានិគមនិយមបារាំង ហើយបង្ខំកសិករនៅខេត្តកំពតធ្វើស្រែជំនួសឲ្យការដាំម្រេចវិញ។ រហូតដល់ចុងទសវត្សទី ៩០ បន្ទាប់ពីរបបខ្មែរក្រហមបានបាត់បង់អំណាច កសិករក្នុងស្រុកភាគច្រើនដែលធ្លាប់ដាំដុះម្រេចបានងាកទៅរកអាជីពរបស់ពួកគេវិញ តែនៅពេលនោះដោយសារកសិករក្រីក្រច្រើន មិនសូវមានការយល់ដឹងខ្ពស់ពីការធ្វើកសិកម្ម ពួកគេនាំគ្នាងាកទៅរកការដាំម្រេចនៅលើដីតូចៗ ដែលជាដំណាំតពីដូនតាតាំងពីច្រើនជំនាន់មក។រហូតដល់ឆ្នាំ ២០១០ ម្រេចកំពតបានត្រលប់មកវិញហើយទទួលបានឋានៈជាសូចនាករភូមិសាស្រ្តការពារ (PGI) ពីរដ្ឋាភិបាលកម្ពុជាបានន័យថារាល់ម្រេចទាំងអស់ដែលដាក់យីហោថា «ម្រេចកំពត» ត្រូវតែដាំដុះ និងប្រមូលផលក្នុងខេត្តកំពតតែមួយគត់ ដោយគ្មានប្រទេសណា មួយអាចយកឈ្មោះម្រេចកំពតមកប្រើប្រាស់សម្រាប់អាជីវកម្មដោយគ្មានការអនុញ្ញាតបានឡើយ។ ជាមួយគ្នានេះនៅក្នុងឆ្នាំដដែលម្រេចកំពតត្រូវបានទទួលស្គាល់ឋានៈជា សូចនាករភូមិសាស្រ្តការពារ (PGI) ពីអង្គការពាណិជ្ជកម្មពិភពលោកដោយក្លាយជាផលិតផលដែលមិនអនុញ្ញាតឲ្យមានការបន្លំម៉ាកសញ្ញាដូចជា ស្រាសំប៉ាញ sparkling wine ឬ Prosciutto di Parma ។

ម្រេចកំពតមានច្រើនប្រភេទដូចជា ម្រេចខ្មៅត្រូវបានគេប្រើជាទូទៅក្នុងការចម្អិនម្ហូប និងសម្រាប់សាច់​ក្រហម ម្រេចក្រហមប្រើសម្រាប់បង្អែម ចំនែកឯម្រេចសសម្រាប់ត្រី សឡាត់ និងទឹកជ្រលក់ ហើយម្រេចបៃតងមានរសជាតិស្រាលជាងខ្មៅហើយប្រើសម្រាប់អាហារសមុទ្រ និងដាក់លម្អលើចានអាហារជាមួយសាច់ ដោយម្ហូបប្រចាំតំបន់ក្នុងខេត្តកំពតគឺ «ក្ដាមឆាម្រេចខ្ចី»។ ម្រេចកំពតបានហក់ឡើងដល់កំពូលនៅពេលដែលតម្លៃម្រេចក្រហមត្រូវឡើងដល់ ២៥ ដុល្លារក្នុងមួយគីឡូក្រាមក្នុងឆ្នាំ ២០១៤ ប៉ុន្តែបានធ្លាក់ចុះវិញបន្តិចនៅពេលត្រូវប្រកួតប្រជែងនឹងម្រេចវៀតណាមនៅលើទីផ្សារពិភពលោកនាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារម្រេចវៀតណាមានតម្លៃថោកជាង។ ម្រេចមានអត្ថប្រយោជន៍ជាច្រើន ព្រោះវាមិនត្រឹមតែសម្រាប់អាហារប៉ុណ្ណោះទេ តែវាត្រូវបានគេចាត់ទុកជាឱសថ និងថ្នាំឆ្ពុងសម្រាប់ស្រ្តីកាលពីសម័យដើមបន្ទាប់ពីសម្រាលកូនរួច ដោយបានបង្ហាញនៅលើផ្ទាំងសិលានៅប្រាសាទបន្ទាយស្រី។ ហើយម្រេចមិនត្រឹមតែផ្ដល់រសជាតិនោះទេ តែវាធ្វើឲ្យក្រអូមមាត់យើងអាចបង្កើនរសជាតិនៃអាហារ។ ដូច្នេះនៅពេលនិយាយថាតើយើងអាចចំណាំមួយណាជាម្រេចកំពតដែលល្អបំផុត និងមួយណាជាម្រេចដែលមានគុណភាពអន់នោះ គឺអាស្រ័យលើការភ្លក់ ដោយម្រេចកំពតនៅពេលដែលអ្នកទំពារក្នុងមាត់ វាហឹរក្ដៅនៅពេលដំបូង បន្ទាប់មកហឹរងំនៅក្រអូមមាត់ មិនមែនហឹរឆួលតែមួយភ្លែតនោះទេ។

ចំពោះការដាំដុះម្រេចកំពតដាំដុះនៅលើបង្គោលជាជួរយ៉ាងស្រស់ស្អាត ហើយការប្រមូលផលគឺចាប់ពីខែកុម្ភៈដល់ខែឧសភា ដោយម្រេចខ្ចី (បៃតង) ចាប់ផ្ដើមកាន់ផ្លែក្នុងខែកញ្ញា ហើយទុំនៅអំឡុងពេលចូលឆ្នាំខ្មែរ ឬ កំឡុងខែមេសា។ កសិករបេះម្រេចដោយដៃ ហើយសម្ងួតវាដោយដាក់ហាលថ្ងៃរយៈពេល ២​ថ្ងៃ វានឹងប្រែទៅជាខ្មៅ។ ម្រេចស គឺកើតចេញពីម្រេចខ្មៅដែលត្រូវបានគេដាក់ត្រាំក្នុងទឹកហើយបកសម្បកចេញ ចំណែកឯម្រេចក្រហមវិញជាម្រេចខ្ចីដែលទុំនៅលើដើមតាមដំណើររបស់វារហូតដល់វាប្រែទៅជាពណ៌ក្រហមល្អ។ ដោយសារសណ្ឋានដីល្អ អាកាសធាតុអំណោយផល រួមផ្សំនឹងបច្ចេកទេសដាំដុះនាសម័យបច្ចុប្បន្ន ធ្វើឲ្យម្រេចកំពតមានភាពល្បីល្បាញ និងមានការទទួលស្គាល់ពីសំណាក់បរទេសថាជាផលិតផលដ៏មានតម្លៃបំផុតរបស់ពិភពលោក៕ អត្ថបទ៖ លីនី ប្រភព៖ Khmernote