ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើង នៅចំពោះមុខសម្តេចតេជោថា កម្ពុជាបានទទួលនូវសុខសន្តិភាពពិតប្រាកដហើយ ប្រជាជនកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក
admin January 16, 2020 at 8:56 am
facebook

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ បានអនុញ្ញាតឲ្យលោកស្រី អូប៉ូជី ជីហ្សូកុ (Obuchi Chizuko) ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុនអូប៊ូជី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ បើតាមប្រសាសន៍ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា លោកស្រី អូប៊ូជី បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រី ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកស្រី និងស្វាមី បានមកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។លោកស្រីបានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់នូវគ្រឿងឥស្សរិយយស ជូនលោកស្រី។

លោកស្រី បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើក អំពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទៅកាន់អង្គការ CMAC កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមីរបស់លោកជំទាវ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះក៏បានទៅធ្វើទស្សនកិច្ច នៅ CMAC ផងដែរ។លោកស្រី បានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាផង ដំណើរទស្សនកិច្ចទៅស៊ីម៉ាក់ផង លោកស្រីបានកត់សម្គាល់ឃើញថា កម្ពុជាបានទទួលនូវ សុខសន្តិភាពពិតប្រាកដ ហើយជាងនេះទៀត ប្រជាជនកម្ពុជា មានទឹកមុខស្រស់ស្រាយនិងរស់រវើក។លោកស្រី បានមានប្រសាសន៍ថា នេះគឺជាជោគជ័យដ៏ពិតប្រាកដដ៏ធំធេងរបស់កម្ពុជា។ ក្នុងន័យនេះដែរ លោកស្រី និងប្រតិភូបានជូនពរ អោយចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន កាន់តែស្អិតរមួតរឹងមាំថែមទៀត។លោកស្រី ក៏បានគោរពជូនពរសម្ដេចតេជោផងដែរ សូមឱ្យបារមីដ៏សាកសិទ្ធ ជួយដល់មាតាក្មេករបស់សម្ដេចតេជោ ក៏ដូចជាមាតាបង្កើតរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានជាសះស្បើយយ៉ាងឆាប់រហ័សនាពេលខាងមុខនេះ ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះលោកស្រី និងប្រតិភូ ដែលបានជូនពរឱ្យមាតាក្មេកបានជាសះស្បើយឆាប់ៗនៅពេលខាងមុខ។ក្នុងនេះដែរសម្ដេចតេជោ ក៏បានលើកឡើង ពីអតីតកាលដែលនៅពេលនោះ លោក អូប៊ូជី បានមកទស្សនកិច្ចនៅកម្ពុជា ហើយក្នុងទស្សនកិច្ចនោះផងដែរ មានតែលោកអូប៊ូជី និងលោកស្រីទេ ដែលជាជនជាតិបរទេ ស បានធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីន និងអង្គការស៊ីម៉ាក់ ហើយមានតែលោក អូប៊ូជី ទេ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាដោះមីននេះ។សម្ដេចតេជោ ក៏បានរំឭកអំពីអតីតកាលផងដែរ នោះគឺលោកអូប៊ូជី រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ឱ្យមានការបោះឆ្នោតនៅឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះប្រដាប់អាវុធ នៅឆ្នាំ១៩៩៧។ សម្ដេចបន្តថា លោក អូប៊ូជី ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រមកកាន់កម្ពុជា ដោយនាយករដ្ឋមន្ត្រីជប៉ុនទី១ បានមកកម្ពុជានៅទសវត្សរ៍៥០ ហើយបន្ទាប់មកលោកអូប៊ូជី ដែលបានមកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។ នៅក្នុងដំណាក់កាលរបស់លោក អូប៊ូជី ជានាយករដ្ឋមន្ត្រី លោកបានជួយដល់កម្ពុជាជាច្រើន ជាពិសេសក្នុងការជំរុញឲ្យមាន ការផ្ដល់ថវិកាទ្រទ្រង់ដល់កម្ពុជា គឺលោកជាអ្នកសម្រេច និងជាអ្នកប្រកាសនៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Freshnews